ម្ចាស់មេដាយមាសអូឡាំពិកចិននាង Zhu Xueying ចោទជាមន្ទិលពីគុណភាពមេដាយផលិតនៅជប៉ុន ក្រោយវារបកទឹកមាស

ដោយ

ស៊្រុន លាវ


កីឡាការិនីអូឡាំពិកចិន Zhu Xueying បានចោទជាមន្ទិលពីគុណភាពនៃមេដាយដែលទទួលបានក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ បន្ទាប់ពីអះអាងថាមេដាយមាសរបស់នាងកំពុងរបក។ កីឡាការិនីផ្នែកកាយសម្ព័ន្ធ Trampoline រូបនេះបានចូលទៅបណ្តាញសង្គម Weibo ដើម្បីបង្ហោះរូបថតដែលបង្ហាញពីផ្នែកខ្លះនៃមេដាយអូឡាំពិករបស់នាងចាប់ផ្តើមរបកទៅវិញក្នុងរយៈពេល ៤ សប្តាហ៍បន្ទាប់ពីទទួលបានមេដាយមាសនៅទីក្រុងតូក្យូ។


នាង Zhu បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាទោលផ្នែកនារីដោយទទួលបានពិន្ទុ ៥៦,៦៣៥ ដោយផ្តួលមិត្តរួមជាតិ Liu Lingling និង Bryony Page មកពីអង់គ្លេស ។ កីឡាការិនីវ័យ ២៣ ឆ្នាំរូបនេះបានបង្ហោះរូបថតមេដាយរបស់នាងដើម្បីបង្ហាញពីការរបកនៅផ្នែកខាងឆ្វេងនៅខាងលើនៃមេដាយរបស់នាង។


នាង Zhu បាននិយាយថា ដំបូងឡើយនាងស្មានតែជាស្នាមប្រឡាក់ដី ប៉ុន្តែកន្លែងនោះយូរៗទៅចាប់ផ្តើមរីកធំទៅៗ។ នាងបានសួរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមជាមួយរូបថតនៃមេដាយថា "តើមេដាយរបស់អ្នកអាច...របកចេញដូចនេះទេ?"។ នាង Xueying បានសរសេរនៅលើគេហទំព័រនេះតាមរយៈកាសែត Global Times ថា "ខ្ញុំសូមបញ្ជាក់អំពីរឿងនេះបន្តិច។ ខ្ញុំមិនគិតថាមេដាយរបកនោះទេពីដំបូង ខ្ញុំគ្រាន់តែដឹងថាមានស្នាមតូចមួយនៅលើមេដាយរបស់ខ្ញុំ។ ខ្ញុំគិតថាវាប្រហែលជាគ្រាន់តែជាដីកខ្វក់ប្រឡាក់ប៉ុណ្ណោះ ដូច្នេះខ្ញុំបានយកម្រាមដៃរបស់ខ្ញុំមកត្រដុសហើយឃើញថាគ្មានអ្វីផ្លាស់ប្តូរទេ ដូច្នេះខ្ញុំបានជូតវា ហើយស្នាមនោះគឺកាន់តែធំទៅៗ"។


សាររបស់នាងមានអ្នកចូលបញ្ចេញមតិជាង ២០ ម៉ឺនដង និងធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចេញមកលុបបំបាត់ការបារម្ភអំពីគុណភាពមេដាយភ្លាមៗ ដោយនិយាយថា មេដាយមាសនេះគ្រាន់តែរបកស្រទាប់ការពារប៉ុណ្ណោះ មិនមែនរបកទឹកមាសដែលស្រោបនោះទេ៕