ពិធីសម្ពោធវិមានកីឡដ្ឋានមរតកតេជោ នឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ វានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា

ដោយ

ស៊្រុន លាវ


វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃអង្គារម្សិលមិញ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា អង្គរប្រជុំខាងលើ បានលើកឡើងអំពីការត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ» បន្ទាប់ពីសមិទ្ធផលប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ ត្រូវបានរៀបចំពិធីប្រគល់-ទទួលលក្ខណៈបច្ចេកទេសរួចរាល់ កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ ។ ដូច្នេះពិធីសម្ពោធនេះ តាមគម្រោងនឹងរៀបចំនៅចុងខែវិច្ឆិកាខាងមុខ។


ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា «ដោយមានការណែនាំផ្ទាល់ពីឯកឧត្តមបណ្ឌិត ថោង ខុន ពិធីសម្ពោធនេះ គឺធ្វើយ៉ាងណាឲ្យស័ក្ដិសមទៅនឹងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា និងស័ក្ដិសមជានិមិត្តរូប នៃចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា-ចិន ។ អញ្ចឹងកម្មវិធីនេះ មានទាំងកម្មវិធីសិល្បៈវប្បធម៌ផង មានទាំងកម្មវិធីកីឡាផង ដែលយើងកំពុងស្វែងរកនូវប្រភេទកីឡាណា ដែលអាចប្រកួតជាមិត្តភាពកម្ពុជា-ចិនបាន»។


«ដូច្នេះឥលូវនេះ យើងកំពុងរៀបចំជាគណៈកម្មការរៀបចំពិធីសម្ពោធនេះ ដែលគ្រោងរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយនឹងធ្វើឲ្យកម្មវិធីនេះ ក្លាយទៅជាព្រឹត្តិការណ៍មួយ ដែលបើកផ្លូវឆ្ពោះទៅរកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់យើង ។ ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ហើយបញ្ជាក់ទៀតថា រួសរាន់ធ្វើឲ្យទាន់ពេលវេលា និងធ្វើឲ្យមានប្រសិទ្ធភាព ហើយធ្វើឲ្យត្រឹមត្រូវតាមកិត្តិយសនៃមរតកដ៏មហាសាលនេះ» ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។ សូមរំឮកថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ។