Ronaldo ស៊ុតមួយបាល់ចំមុខអ្នកយាមម្នាក់សន្លប់ឈឹងអំឡុងពេលហាត់សមមុនប្រកួតជាមួយ Young Boys

ដោយ

ស៊្រុន លាវ


Cristiano Ronaldo បានទាត់បាល់ចំអ្នកយាមក្នុងទីលានម្នាក់ឱ្យសន្លប់ដោយចៃដន្យ ខណៈកំពុងកម្ដៅសាច់ដុំសម្រាប់ការប្រកួតប៉ះនឹងក្រុម Young Boys កាលពីថ្ងៃអង្គារ។ កីឡាករបាល់ទាត់រូបនេះបានស៊ុតបាលរំលងផុតរបារទី ខណៈដែលគាត់កម្ដៅសាច់ដុំសម្រាប់សមរភូមិក្នុងក្របខ័ណ្ឌ Champoin League ក្នុងប្រទេសស្វីស។


បាល់លឿនដូចគ្រាប់កាំភ្លើងធំបានហោះទៅចំអ្នកយាមក្នុងទីលានដែលឈរខាងក្រៅទីលាន និងធ្វើឱ្យស្ត្រីអ្នកយាមនោះសន្លប់ទៅនឹងដីកាលពីល្ងាចថ្ងៃអង្គារ។ Ronaldo បានរត់ទៅក្រៅទីលានដើម្បីទៅមើលអ្នកយាមរូបនោះ ខណៈដែលអ្នកយាមនោះត្រូវបានគ្រូពេទ្យមកពិនិត្យមើលភ្លាមៗ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនោះក៏បានសុំទោស និងបានឱ្យអាវរបស់គាត់មួយដើម្បីជាការសុំទោស។


ក្នុងព្រឹត្តិការណ៍ Champoin League កីឡាករបិសាចក្រហមរូបនេះបានស៊ុតចូលមួយគ្រាប់ក្នុងនាទីទី១៣ ប៉ុន្ដែការប្រកួតក្លាយទៅជាជូរជត់នៅពេលក្លឹបសល់គ្នា១០នាក់នៅនាទី៣៥ បន្ទាប់ពីខ្សែការពារ Aaron Wan-Bissaka បង្កកំហុសដោយទទួលបានកាតក្រហម។ ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល Young Boys ឈ្នះ២ទល់នឹង១៕