តារាចម្រៀងស្រីទស្សវត្ស៦០ ហួយ មាស ត្រូវកងឈ្លបខ្មែរក្រហមធ្វើទារុណយ៉ាងព្រៃផ្សៃ មុនសម្លាប់វះយកថ្លើម

ដោយ

ស៊្រុន លាវ


លោកស្រី ហួយ មាស ដែលគេឲ្យរហស្សនាមថា"នាងមាឃរាត្រី" គឺជាសិល្បការិនីខ្មែរមួយរូបមានជំនាញច្រើនប្រកបដោយទេពកោសល្យខ្ពស់ និងមានចំណេះដឹងជ្រៅជ្រះ ហើយបានបម្រើវិស័យសិល្បៈជាតិស្ទើរពេញមួយជីវិត។ ក្រៅពីជាតារាចម្រៀងដែលមានទឹកដមសំឡេងផ្អែមពីរោះ នាងក៏ជាសិល្បការិនីផ្នែកល្ខោននិយាយ អាចបញ្ចូលសំឡេងភាពយន្ត អត្ថាធិប្បាយក្នុងកម្មវិធីផ្សេងៗប្រកបដោយគំនិតច្នៃប្រឌិត និងចែករំលែកបទពិសោធន៍ល្អៗដល់មហាជន។


មុនឆ្នាំ១៩៧៥ លោកស្រី ហួយ មាស មានភារកិច្ចជាច្រើនដែលត្រូវបំពេញនៅក្នុងវិទ្យុជាតិកម្ពុជា។ ភារកិច្ចដែលត្រូវបំពេញកាលណោះ គឺលោកស្រីត្រូវចូលខ្លួនដឹកនាំក្នុងនាទីចម្រៀងយុទ្ធជន នាទីចម្រៀង និងតន្ត្រីទំនើប នាទីល្ខោននិយាយ និងនាទីសិក្សាអប់រំជាដើម។


ថ្ងៃនេះSabay សូមរំលឹកឡើងវិញនូវស្ថានភាពរស់នៅដ៏លំបាកក្នុងសម័យខ្មែរក្រហម និងសកម្មភាពកងឈ្លប នៃរបបអាវខ្មៅយកតារាចម្រៀងពហុជំនាញរូបនេះទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃ ដោយដកស្រង់ខ្លឹមសារទាំងស្រុងពីក្រុមអ្នកស្រាវជ្រាវប្រវត្តិសិល្បករ-សិល្បការិនីខ្មែរជំនាន់ដើមដូចតទៅ៖នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកស្រី ហួយ មាស ជាមួយបុត្រាពីរនាក់ គឺវណ្ឌី ដាលី មានអាយុ៥ឆ្នាំ និងបុត្រពៅឈ្មោះ វណ្ឌី ដូដូ អាយុ៣ឆ្នាំ កំពុងស្ដាប់ស្ថានការណ៍ស្រុកទេស និងកំពុងរង់ចាំដំណើរវិលត្រឡប់វិញរបស់ស្វាមីដែលជាមេប៉ូលិសក្រុងភ្នំពេញ គឺលោក វណ្ឌី កេសរោ នៅក្នុងគេហដ្ឋានស្ថិតនៅម្ដុំសាលាបឋមសិក្សាទួលគោក។


លោកស្រី ខកខានបំពេញការងារពីរបីថ្ងៃហើយ ដោយសារតែស្ថានភាពស្រុកទេសកាន់តែដុនដាបទៅៗ ហើយកងទ័ពរបបសាធារណរដ្ឋខ្មែរក៏បាក់ទ័ពគ្រប់ទីកន្លែង។ ភ្លាមនោះ វិទ្យុក្រុងភ្នំពេញបានប្រកាសពីជ័យជំនះ នៃបដិវត្ដរបស់ខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញ និងកិច្ចចរចារវាងខ្មែរក្រហម និងរបបសាធារណៈរដ្ឋខ្មែរ។ស្ថិតនៅក្នុងស្ថានភាពបែបនោះហើយ លោកស្រី ហួយ មាស ក៏មានបំណងចេញទៅវិទ្យុជាតិ ប៉ុន្តែជាចៃដន្យមានកូនចៅរបស់ស្វាមីលោកស្រីមកលួចប្រាប់ថា ឲ្យលោកស្រីរក្សាភាពស្ងៀមស្ងាត់ មើលថែកូនទាំងពីរ នៅផ្ទះឲ្យស្ងៀមកុំចេញទៅក្រៅ ហើយស្ដាប់ទិសដៅរបបថ្មីសិន។


នៅម៉ោង៨ព្រឹក កងរំដោះពាក់អាវខ្មៅបានលើកទង់ជ័យជម្នះនៅទូទាំងរាជធានីភ្នំពេញ។ មិនបានប៉ុន្មានផង ប្រជារាស្ដ្រខ្មែររាប់ពាន់នាក់នៅទូទាំងរាជធានីភ្នំពេញ បានចាកចេញពីគេហដ្ឋានតាមការស្រែបញ្ជាពីក្រុមអាវខ្មៅឲ្យចេញទៅតាមខេត្ដរយៈពេលបីថ្ងៃសិន ព្រោះគេថាអាមេរិក នឹងទម្លាក់គ្រាប់បែក។លោកស្រី និងកូនៗទាំងពីរនាក់ រួមទាំងអ្នករស់នៅជាមួយពីរនាក់ បានរៀបចំសម្ភារៈមួយចំនួនចាកចេញពីផ្ទះទៅតាមបណ្ដោយផ្លូវជាតិលេខ២ តាមទិសដៅដែលខ្មែរក្រហមដាក់ចុះមក។ នៅតាមផ្លូវមានសាក្សីជាច្រើនបានឃើញនាង និងកូនៗមានទឹកមុខព្រួយបារម្ភដូចប្រជាជនដទៃទៀតដែរ។


ចេញពីក្រុងបានប៉ុន្មានថ្ងៃអង្គការបដិវត្តបានរៀបចំចុះឈ្មោះប្រជាជនទាំងមូល។ ដោយយល់ថាស្ថានការណ៍មិនស្រួល លោកស្រីបានព្យាយាមលាក់បាំងប្រវត្តិពិតរបស់នាង ដោយប្រាប់អង្គការបដិវត្តថា នាងឈ្មោះលុកជាអ្នករកស៊ីម្នាក់ដើម្បីចិញ្ចឹមកូនចំនួនពីរនាក់។ ទោះបីជាព្យាយាមលាក់បាំងយ៉ាងណាក៏ដោយក៏លាក់មិនជិតដែរ ខ្មែរក្រហមស្គាល់នាងច្បាស់ណាស់ ហើយក៏បញ្ជូននាង និងកូនៗតាមរថភ្លើងមកស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ ពេលបញ្ជូនទៅដល់ទីនោះ លោកស្រី រស់នៅយ៉ាងស្ងៀមស្ងាត់ចាំស្ដាប់ទិសដៅអង្គការអត់មានងាករេឡើយ។ ត្រង់ចំណុចនេះយោងតាមទស្សនាវដ្ដីប្រជាប្រិយបានសង្ខេបពីជីវប្រវត្តិលោកស្រី ហួយ មាស ថា មកដល់តំបន់នោះហួយ មាស បានជួបអតីតប្អូនថ្លៃរបស់នាង គឺនាង អ៊ុំ សុផាន់រ័ត្ន និងកូនស្រីទី១របស់នាង ឈ្មោះ អ៊ុំ សុមាវតី ដែលបានបែកគ្នាតាំងពីឆ្នាំ១៩៧០ គឺក្រោយពីនាងលែងលះជាមួយស្វាមីទី១ គឺលោក អ៊ុំ សុផានរក្ស ហៅយែល។