កិច្ចព្រមព្រៀងប្រកួតល្បុក្កតោ នៅសៀមរាប បានចែកផ្លូវគ្នា ដោយហេតុផលមួយចំនួន

ដោយ

ស៊្រុន លាវ


លោកគ្រូតាក្រមាមាសសាន គឹមស៊ាន ប្រធានបណ្ឌិត្យសភាល្បុក្កតោកម្ពុជា និងជាស្ថាបនិកចងក្រងឯកសារជាច្រើនរបស់ល្បុក្កតោ បានប្រកាសលាឈប់ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយម្ចាស់ភោជនីយដ្ឋានមួយ នៅទីរួមខេត្តសៀមរាប ដែលមានឈ្មោះថា ភោជនីយដ្ឋានល្បុក្កតោ ដែលមានគោលបំណងប្រកួតសម្តែងកីឡាល្បុក្កតោរាល់ចុងសប្តាហ៍ ជូនភ្ញៀវទស្សនាក្នុងពេលរាត្រី ក្នុងពេលភ្ញៀវមកទទួលទានអាហារនៅទីនោះ។


កិច្ចព្រមព្រៀង និងការសហការប្រកួតកីឡាល្បុក្កតោរបស់បណ្ឌិត្យសភាល្បុក្កតោជាមួយភោជនីយដ្ឋានមួយនេះ បានដំណើរការដើម្បីស្វែងរកការគាំទ្រ និងការឧបត្ថម្ភដល់ក្រុមកីឡាករ-ការិនី បានតែចំនួន ៣ សប្តាហ៍ប៉ុណ្ណោះ។ លោកសាន គឹមស៊ាន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «កីឡាករ-កីឡាការិនីល្បុក្កតោ បានហ្វឹកហាត់ និងបានចំណាយពេលវេលាប្រមូលផ្តុំ មកពីខេត្តមួយចំនួនរួមមានកំពង់ឆ្នាំង កណ្តាល ភ្នំពេញ និងខេត្តដទៃទៀត ដែលមានក្លិបចំនួន ១០ និងកីឡាករ-ការិនីជិត ១០០ នាក់»។


លោកបានបន្តថា៖ «បញ្ហាវិវាទនេះបានធ្វើឲ្យបណ្ឌិត្យសភាល្បុក្កតោទទួលរងការខាតបង់ច្រើន នៅពេលដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនគោរពតាមកិច្ចសន្យា និងបានយកការប្រកួតទៅជាល្បែងភ្នាល់លុយ ដែលនាំឲ្យខូចកម្មវិធីប្រកួត»។ លោកគឹមស៊ាន បានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះបានឯកភាពយូរខែមកហើយ ប៉ុន្តែកិច្ចចាប់ផ្តើមសម្ពោធ ព្រមទាំងការបង្កើតឲ្យមានការប្រកួតទើបតែនៅក្នុងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៧ ប៉ុណ្ណោះ ហើយក្រោយពីមានបញ្ហាមិនចុះសម្រុងគ្នារវាងភាគីទាំងពីរ ខ្ញុំក៏សុំដកខ្លួន និងសុំឲ្យដកស្លាកឈ្មោះកីឡាល្បុក្កតោចេញពីភោជនីយដ្ឋាននោះទៅ ព្រមទាំងឈប់សហការគ្នាទៀត ពីព្រោះខុសពីគោលការណ៍របស់កីឡា»។


លោកសាន គឹមស៊ាន ក៏បានព្រមានទៅលើអ្នកគ្រប់គ្រងភោជនីយដ្ឋានល្បុក្កតោនោះថា មិនឲ្យបន្តយកឈ្មោះល្បុក្កតោទៅធ្វើអាជីវកម្មទៀតឡើយ ហើយក៏បានរាយការណ៍ទៅសហព័ន្ធកីឡាល្បុក្កតោកម្ពុជា មិនគួរអនុញ្ញាតឲ្យច្បាប់យកឈ្មោះល្បុក្កតោទៅប្រើប្រាស់បន្តទៀតនោះឡើយ»។ ទោះបីជាយ៉ាងណា លោកសាន គឹមស៊ាន មិនបានទម្លាយពីសេចក្តីលម្អិតនៃភាពមិនចុះសម្រុងគ្នានោះទេ គ្រាន់តែប្រាប់ថាក្នុងនោះមានបញ្ហាទាក់ទងទៅនឹងតម្លៃខ្លួនកីឡាករ និងគ្រូបង្វឹកផងដែរ។