ជនភៀសខ្លួនម៉ុងតាញ៉ាធ្លាប់នៅក្នុងជំរំកម្ពុជាបានក្លាយជាអ្នកប្រដាល់អាជីពនៅសហរដ្ឋអាមេរិក

ដោយ

ស៊្រុន លាវ


លោកបានប្រាប់ VOA ថា៖ «ខ្ញុំបានឈ្នះពានរង្វាន់ជើងឯក ហើយខ្ញុំបានឈ្នះការប្រដាល់នេះហើយ។ ដូច្នេះផែនការបន្ទាប់របស់ខ្ញុំ គឺឈានទៅរកអាជីព និងធ្វើឱ្យខ្ញុំចាប់ផ្តើមជាអ្នកប្រដាល់អាជីព‍»។


ទីក្រុង Norfolk រដ្ឋ Virginia — និយាយភាសាជនជាតិដើមភាគតិចម៉ុងតាញ៉ារបស់ខ្លួនពីរឬបីឃ្លាជាមួយ VOA លោក ធឿ រ៉ាយាំង (Theo Rlayang) អាយុ ២៤ឆ្នាំ ដែលបានរត់គេចពីវៀតណាម នៅពេលដែលលោកនៅជាកុមារជាមួយគ្រួសាររបស់លោក បានឈ្នះការប្រកួតដ៏សាហាវមួយទៀត កាលពីចុងសប្តាហ៍មុន និងកំពុងសម្លឹងទៅរកការប្រកួតកម្រិតកំពូលបន្ទាប់ទៀត ដើម្បីប្រកួតប្រជែងនៅ Ultimate Fighting Championship (UFC) នៅសហរដ្ឋអាមេរិកនិងស្ថាប័នធំៗដទៃទៀត។


លោក ធឿ រ៉ាយាំង បានមកដល់សហរដ្ឋអាមេរិកតាមរយៈជំរំអង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងឆ្នាំ ២០០២ បន្ទាប់ពីបានគេចផុតពីការធ្វើទុក្ខបុកម្នេញនៅវៀតណាម។ ក្រៅពីការចូលរៀននៅមហាវិទ្យាល័យ លោកបានសិក្សាក្បាច់គុនចម្រុះ ឬហៅថា (MMA)។


លោក ធឿ រ៉ាយាំង គឺជាកីឡាករប្រដាល់ស្ម័គ្រចិត្តម្នាក់ និងបានឈ្នះការប្រកួតចំនួន ៦ លើក ជាបន្តបន្ទាប់ចេញពីការប្រកួតចំនួន ៧ លើក រហូតមកដល់ពេលនេះ ដែលក្នុងនោះរួមទាំងការប្រកួតចុងក្រោយមួយ នៅថ្ងៃទី ៦ ខែមេសាដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ ស្បាទីកា ឬហៅថា ( Spartyka Fight League) ហើយនេះជាសង្វៀនប្រកួតដែលកីឡាកររូបនេះបានប្រយុទ្ធ និងផ្តួលគូប្រជែងរបស់លោកឈ្មោះ Marshall Shermer នៅ ទីក្រុង Norfolk រដ្ឋវីជីនៀ (Virginia)។ លោកបានប្រាប់ VOA ថា៖ «ខ្ញុំបានឈ្នះពានរង្វាន់ជើងឯក ហើយខ្ញុំបានឈ្នះការប្រដាល់នេះហើយ។ ដូច្នេះផែនការបន្ទាប់របស់ខ្ញុំ គឺឈានទៅរកអាជីព និងធ្វើឱ្យខ្ញុំចាប់ផ្តើមជាអ្នកប្រដាល់អាជីព‍»។