វិធីបង្ការជំងឺអាប់សែសុដន់ ម៉ាក់ៗគួរដឹងពេលបំបៅដោះកូន កុំឱ្យមានគ្រោះថ្នាក់ទៅថ្ងៃមុខ

ដោយ

ស៊្រុន លាវ


ជំងឺអាប់សែសុដន់ ឬបូសសុដន់គឺជាការរលាកជាលិកាសុដន់ដែលបណ្តាល ឱ្យមានខ្ទុះនៅក្នុងសុដន់។ ជាធម្មតាបញ្ហានេះបណ្តាលមកពីការឆ្លងបាក់តេរីចូលទៅក្នុងសុដន់តាមរយៈក្បាលសុដន់ ស្នាមប្រេះនៅក្បាលសុដន់ ឬស្បែកជុំវិញក្បាលសុដន់។ ការស្ទះរន្ធទឹកដោះក៏អាចវិវដ្ដទៅជាអាប់សែសុដន់ដែរ។


វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ភាគច្រើនជំងឺអាប់សែសុដន់កើតឡើងលើស្ត្រីបំបៅដោះកូន។ តើម៉ាក់ៗបំបៅដោះត្រូវធ្វើអ្វីខ្លះដើម្បីបង្ការខ្លួនពីការកើតជំងឺអាប់សែសុដន់?


ម៉ាក់ៗកំពុងបំបៅដោះកូនអាចការពារជំងឺអាប់សែសុដន់ដោយ៖


– សម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះជាប្រចាំជាមួយសាប៊ូដែលមានជាតិកាត់កម្រិតខ្សោយ និងទឹក រួចជូតថ្នមៗជាមួយកន្សែងស្អាត ជាពិសេសពេលមានរបួស ឬដាច់រលាត់


– ចៀសវាងពាក់អាវ ឬអាវទ្រនាប់តឹងពេក


- លាបប្រេងដូងផ្តល់សំណើមដល់ស្បែកជុំវិញក្បាលដោះ និងក្បាលដោះដើម្បីការពារការប្រេះ តែត្រូវជូតសម្អាតឱ្យស្អាតល្អមុនពេលឱ្យអូនតូចបៅ


ឧស្សាហ៍លាងដៃ កុំឱ្យឆ្លងបាក់តេរី


ឱ្យអូនតូចបៅឱ្យអស់ទឹកដោះពីសុដន់ម្ខាងៗ ចៀសវាងការស្ទះទឹកដោះ


រក្សាអនាម័យឲ្យកូនស្អាតជាប្រចាំ


នៅពេលបំបៅដោះកូន ម៉ាក់ៗត្រូវប្រាកដថាអូនតូចបៅបានត្រឹមត្រូវ និងត្រូវផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់ដល់អូនតូច ដើម្បីជំរុញឱ្យអូនតូចបៅបានច្រើន និងមិនខាំក្បាលដោះ


បន្ទាប់ពីបំបៅដោះរួច ម៉ាក់ៗត្រូវជូតសម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះឱ្យស្អាត ព្រមទាំងទុកឱ្យស្ងួត


ជំងឺអាប់សែសុដន់កើតលើស្រ្តីមិនបំបៅដោះកូន៖


- មានរបួសលើសុដន់


- ប្រេះក្បាលសុដន់


- មានជំងឺទឹកនោមផ្អែម ឬមានបញ្ហាប្រព័ន្ធការពាររាងកាយ


- ចោះក្បាលសុដន់


- វះកាត់កែសុដន់


អាប់សែសុដន់មិនមែនជាជំងឺតំណពូជទេ។ ម៉ាក់ៗដែលកើតអាប់សែសុដន់នៅតែអាចបន្តបំបៅដោះជាធម្មតា មិនឆ្លងទៅទារកទេ។ បន្ទាប់ពីព្យាបាលអាប់សែសុដន់ហើយ ម៉ាក់ៗក៏ត្រូវបន្តបំបៅកូនដោយទឹកដោះដដែល ដើម្បីការពារការកើតអាប់សែសុដន់ឡើងវិញ។