ចង់ផ្ដាច់ដោះកូនឲ្យបៅម្សៅទឹកដោះគោ ឬពពែ ម៉ាក់ៗគួរដឹងរឿងនេះឱ្យបានច្បាស់ជាមុនសិន

ដោយ

ស៊្រុន លាវ


ក្រសួងសុខាភិបាលណែនាំឲ្យបំបៅដោះកូនយ៉ាងហោចណាស់រយៈពេល ៦ ខែ បន្ទាប់ពីសម្រាល និងការបំបៅដោះរួមជាមួយអាហារ រហូតដល់យ៉ាងហោចណាស់អាយុ ១ខួប ឬលើសពីនេះ។ ម៉្យាងក្នុងការផ្ដាច់ដោះ មិនមែនចង់ផ្ដាច់ៗភ្លាមនោះទេ យើងត្រូវចេះក្បួនលាយម្សៅទឹកដោះសត្វ ផ្លាស់ប្ដូរពីទឹកដោះម្ដាយសន្សឹមៗឲ្យកូនស៊ាំជាមុន។


ពេលចាប់ផ្ដើមផ្ដល់ទឹកដោះពពែ ឬទឹកដោះគោឲ្យកូនក្រោយពេលផ្ដាច់ដោះ ម៉ាក់ៗត្រូវប្រាកដថា យើងណែនាំអាហារថ្មីឲ្យកូនញ៉ាំ ប្លែកពីទឹកដោះយើង។ ជួនកាល ម៉ាក់ៗពិបាកក្នុងការណែនាំកូនឲ្យបៅម្សៅទឹកដោះពពែ ឬទឹកដោះគោ ព្រោះអាអូនមិនទាន់ទម្លាប់។ សម្រាប់ម៉ាក់ៗដែលជ្រើសរើសម្សៅទឹកដោះសត្វសម្រាប់កូនបៅ ក្រោយផ្ដាច់ដោះ គួរអនុវត្តតាមការណែនាំខាងក្រោមដូចជា៖


– រាល់ពេលឆុងម្សៅទឹកដោះពពែ ឬទឹកដោះគោ ម៉ាក់ប៉ាត្រូវប្រាកដថា ឆុងទៅតាមការណែនាំត្រឹមត្រូវដែលមាននៅលើសម្បកកំប៉ុង ឬរបស់គ្រូពេទ្យជំនាញ។


– ម៉ាក់ត្រូវឆុងទឹកដោះពពែ ឬទឹកដោះគោជាមួយទឹកឆ្អិន ឬទឹកស្អាត ដែលមានការណែនាំពីគ្រូពេទ្យ។


– ក្រោយពេលឆុងទឹកដោះពពែ ឬទឹកដោះគោរួច យើងអាចលាយជាមួយទឹកដោះម្ដាយ ផ្ដល់ឲ្យកូនបៅបាន។ ម៉្យាងវិញទៀត ម៉ាក់ៗអាចឲ្យកូនបៅដោះបន្តិចសិន សឹមផ្លាស់ឲ្យកូនបៅទឹកដោះពពែ ឬទឹកដោះគោតាមក្រោយ។


ចំណាំ៖ ម៉ាក់ៗមិនត្រូវលាយម្សៅទឹកដោះពពែ ឬទឹកដោះគោ ដែលមិនទាន់ឆុងរួចរាល់ ចូលជាមួយទឹកដោះខ្លួនតែម្ដងនោះទេ ហើយម៉ាក់ៗក៏មិនអាចយកទឹកដោះខ្លួន ប្រើជំនួសទឹកឆ្អិន ដើម្បីឆុងទឹកដោះគោឲ្យកូនដូចគ្នា។


យ៉ាងណាមិញ បើម៉ាក់ៗមិនប្រាកដចិត្តថា គួរឲ្យកូនបៅទឹកដោះសត្វ លាយជាមួយទឹកដោះខ្លួនឬអត់នោះ ម៉ាក់ៗអាចពិគ្រោះបន្ថែមជាមួយគ្រូពេទ្យជំនាញជាមុនសិន។


ពេលផ្លាស់ប្តូរពីការបំបៅដោះមកឲ្យអាអូនបៅទឹកដោះសត្វវិញ ម៉ាក់ៗ គួរអនុវត្តតាមចំណុចខាងក្រោមនេះ៖


- រង់ចាំដល់អាអូនឃ្លានល្មមមិនច្រានទឹកដោះគោ ឬពពែចេញ ចាំបំបៅកូន


- សាកល្បងផ្លាស់ប្ដូរទំហំ រូបរាង និងសណ្ដង់ដោះជ័រ ឬផ្នែកផ្សេងទៀតនៃដប ដើម្បីដឹងថាអាអូនជ្រើសរើសដបប្រភេទណា


- ចៀសវាងមានអ្វីមករំខានពេលឲ្យកូន ដូចជាមានសំឡេងចម្រៀង ឬរបស់លេង ដើម្បីកុំឲ្យរំខានកូន ទុកឲ្យកូនផ្ដោតលើការបៅមួយមុខគត់


- ម៉ាក់ៗត្រូវរក្សាចិត្តឲ្យត្រជាក់ បើអាអូនមិនបៅ កុំខឹង ឬមានអារម្មណ៍ធុញ គួរព្យាយាមសាកល្បងតិចនិកផ្សេងៗ រហូតដល់អាអូនបៅទឹកដោះគោ ឬពពែ បានជាប់លាប់។