ស៊ាំនឹងអាំងស៊ុយលីន ចេញសញ្ញាទាំងនេះ បង្ហាញថាអ្នកជួបបញ្ហាសុខភាពច្រើនយ៉ាង ត្រូវប្រញាប់ពិនិត្យសុខភាពភ្លាម!

ដោយ

ស៊្រុន លាវ


ស៊ាំនឹងអាំងស៊ុយលីន អាចនាំឲ្យកើនកម្រិតគ្លុយកូសក្នុងចរន្តឈាម ដែលអាចនាំឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ ការណ៍នេះ ក៏អាចនាំឲ្យមនុស្សយើងជួបបញ្ហាសុខភាពច្រើនយ៉ាងពីមនុស្សម្នាក់ទៅម្នាក់។


អ្វីជាការស៊ាំនឹងអាំងស៊ុយលីន?


ពេលយើងញ៉ាំអាហារ គ្លុយកូសនឹងត្រូវបញ្ចេញទៅក្នុងរាងកាយ ហើយយើងប្រើវាសម្រាប់ថាមពល។ លំពែងផលិតអាំងស៊ុយលីនដែលជាអ័រម៉ូនជួយដល់ដំណើរការរាងកាយមួយនេះ។ គ្លុយកូសត្រូវស្តុកទុកក្នុងសាច់ដុំ កោសិកាខ្លាញ់ និងថ្លើម ដើម្បីធានាថារាងកាយអាចប្រើគ្លុយកូសសម្រាប់ថាមពលបាននៅពេលខាងមុខ។


ភាពស៊ាំនឹងអាំងស៊ុយលីនកើតមានឡើងនៅពេលកោសិកាយើងមិនឆ្លើយតបទៅនឹងអ័រម៉ូននេះ ហើយរាងកាយយើងមិនអាចបំប្លែងគ្លុយកូសក្នុងឈាមទៅជាថាមពលដោយប្រសិទ្ធភាពទៀត។


ខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលរាងកាយយើងផ្ដល់សញ្ញាថាអាចមានបញ្ហាស៊ាំនឹងអាំងស៊ុយលីនកើតឡើង៖


១. ឡើងគីឡូ


បើយើងសង្កេតឃើញថាក្បាលពោះយើងចាប់ផ្ដើមឡើងធំ មានខ្លាញ់ច្រើនហើយនោះ រាងកាយកំពុងចង់ប្រាប់យើងថា ត្រូវពិនិត្យមើលលើកម្រិតអាំងស៊ុយលីនហើយ។ ការដុះក្បាលពោះនេះ កើតឡើងដោយសារមនុស្សយើងមិនសូវបានបញ្ចេញសកម្មភាពរាងកាយ។ គ្នាយើងគួរដឹងថាខ្លាញ់នៅក្បាលពោះ មានគ្រោះថ្នាក់ជាងខ្លាញ់កើតមាននៅកន្លែងផ្សេងនៃរាងកាយ។


២. អស់កម្លាំង


បើតាមវិទ្យាស្ថានជំងឺទឹកនោមផ្អែម ប្រព័ន្ធរំលាយអាហារ និងតម្រងនោម របស់សហរដ្ឋអាមេរិក មនុស្សយើងមានអារម្មណ៍អស់កម្លាំងព្រោះតែការធ្វើមេតាប៉ូលិសខុសប្រក្រតី។ ប្រសិនជាដំណើរការធ្វើមេតាប៉ូលិសមិនមានប្រសិទ្ធភាពត្រឹមត្រូវ នាំឲ្យស៊ីពេលយូរក្នុងការបញ្ចេញថាមពលសម្រាប់រាងកាយ។ ការណ៍នេះ ធ្វើឲ្យមនុស្សយើងមានអារម្មណ៍ថាអស់កម្លាំងទោះបីជាបានញ៉ាំអាហារគ្រប់គ្រាន់ហើយក៏ដោយ។ នេះមានន័យថាបើពេលរាងកាយប្រើប្រាស់គ្លុយកូសមិនបានត្រឹមត្រូវ នឹងធ្វើឲ្យយើងមានអារម្មណ៍ហត់នឿយ អស់កម្លាំង។


៣. ឃ្លាន ស្រេកទឹក និងនោមញឹក


មែនហើយ យើងអាចមានអារម្មណ៍ថាចង់ញ៉ាំអាហារ និងផឹកទឹកច្រើន នៅពេលដែលមានភាពស៊ាំនឹងអាំងស៊ុយលីនកើតឡើង។ ជាងនេះទៅទៀត យើងអាចមានអារម្មណ៍ចង់ញ៉ាំច្រើន ដើម្បីបង្កើនថាមពល តែនេះអាចធ្វើឲ្យយើងញ៉ាំលើសតម្រូវការទៅវិញ។ ដូចគ្នាអ៊ីចឹង នៅពេលយើងផឹកទឹកច្រើន នឹងធ្វើឲ្យយើងត្រូវទៅបន្ទប់ទឹកញឹកញាប់ ដែលនេះអាចជាសញ្ញាមួយដែរ។


៤. ជ្រុះសក់ កើតមុន និងឆ្លងរោគញឹកញាប់


ការប្រែប្រួលអ័រម៉ូន ជាមូលហេតុចម្បងមួយធ្វើឲ្យយើងជ្រុះសក់ និងកើតមុន។ ហេតុផលផ្សេងទៀតគឺ រាងកាយយើងនឹងត្រូវការកាបូអ៊ីដ្រាតខ្លាំងពេលអាំងស៊ុយលីនយើងធ្វើការមិនប្រក្រតី។ ការណ៍នេះនាំឲ្យមានការផលិតខ្លាញ់Sebumច្រើន ដែលជាខ្លាញ់ផ្ដល់ផលមិនល្អដល់សក់ និងស្បែក។ មួយវិញទៀត ការឡើងកម្រិតជាតិស្ករក្នុងរាងកាយធ្វើឲ្យរបួសមិនងាយជាសះស្បើយ។ ដោយសារតែហេតុនេះ ធ្វើឲ្យយើងងាយនឹងឆ្លងបាក់តេរី និងមេរោគផ្សិតផងដែរ។


គួរដោះស្រាយបញ្ហានេះដោយរបៀបណា?


ជាការណែនាំ អ្នកជួបបញ្ហាស៊ាំនឹងអាំងស៊ុយលីន គួរញ៉ាំបន្លែ និងផ្លែឈើស្រស់ឲ្យបានច្រើន។ បើតាមអ្នកជំនាញផ្នែកសុខាភិបាល មនុស្សគ្រប់គ្នាអាចជួបបញ្ហាស៊ាំនឹងអាំងស៊ុយលីននេះ។ ការធ្វើលំហាត់ប្រាណបានទៀងទាត់ ជាមធ្យោបាយមួយល្អក្នុងការប្រឆាំងនឹងភាពស៊ាំនឹងអាំងស៊ុយលីន ដោយអាចហាត់ប្រាណឲ្យបាន៣០ទៅ៤០នាទីក្នុងមួយថ្ងៃ។ ក្រៅពីនេះត្រូវឈប់ជក់បារី និងកម្រិតការផឹកគ្រឿងស្រវឹងផងដែរ។