ថត MV ថ្មី មាស សុខសោភា ពាក់អាវចាក់ក្រោមស្នាដៃជីដូនជរាម្នាក់ប្រើពេល៥ខែជាង

ដោយ

ស៊្រុន លាវ


អ្នកគាំទ្រពិតជាស្ញប់ស្ញែងណាស់ ដោយតារាចម្រៀងលំដាប់ប្រទេស មាស សុខសោភា បានលើកយកនូវស្នាដៃរបស់លោកយាយជរាម្នាក់ដែលខំប្រឹងចាក់អាវឱ្យនាងយ៉ាងស្រស់ស្អាត ដោយលោកយាយប្រើពេល ៥ខែជាងទើបសម្រេចបានអាវនេះឡើង។នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងល្បីឈ្មោះកញ្ញា មាស សុខភា ទើបតែបង្ហាញ នូវរូបភាពស្រស់ជាច្រើនសន្លឹក ដែលនាងកំពុងថត MV បទថ្មីដើម្បីត្រៀមអបអរសាទរបុណ្យភ្ជុំបិណ្ឌ នៅប៉ុន្មានថ្ងៃខាងមុខនេះ។


ក្រៅពីរូបថតទាំងនោះ គ្រប់គ្នាហាក់រំភើបយ៉ាងខ្លាំងដោយក្នុងនោះ សោភា បានពាក់អាវចាក់ជំនាន់៩០ យ៉ាងស្រស់ស្អាតផូផង់ក្រោមការផលិតដោយដៃយ៉ាងស្វិតស្វាញដោយ ដូនជរាម្នាក់ប្រើពេលរហូតដល់ទៅ៥ខែជាងទម្រាំបានអាវទាំងនេះ។


ក្នុងសារយ៉ាងវែង សោភា បានលើកឡើងថាម៉ាក់យាយប្រើកម្លាំងកាយចិត្តចាក់អាវនេះឡើងឱ្យនាងជា ពិសេសសម្រាប់ឱ្យនាងថត MV ថ្មីបទចង្វាក់ប្រពៃណីខ្មែរនាឱកាសបុណ្យភ្ជុំឆ្នាំនេះ។ បើទោះជាអាវនេះ មិនស៊ីវីល័យ មិនទាន់សម័យកាលក៏ដោយក៏វាពិតជាមានន័យខ្លាំងណាស់។មាស សុខសោភា៖ “ចៅក៏រំភើបដែលបានយកស្នាដៃលោកយាយមកបង្ហាញ និងអាចរំលឹកអនុស្សារីយ៍ សម័យអាវចាក់នាទសវត្ស៨០ និង ៩០”។


ជាក់ស្ដែងមិនត្រឹមតែតារាចម្រៀងរូបនេះទេដែលរំភើបចំពោះស្នាដៃលោកយាយ សូម្បីតែមហាជនក៏បង្ហាញក្ដីរំភើបផងដែរ ព្រោះថាស្នាដៃកម្រនេះពិតជាមិនសូវមានទេនាសម័យកាលឆ្នាំ២០២១នេះ៕