អាម៉ុក គឺជាមុខម្ហូបមួយប្រភេទដែលខ្មែរយើងនិយមប្រាប់បរទេសថាជាម្ហូបប្រចាំជាតិ។ តាមការសង្កេតឃើញជាក់ស្តែង អាម៉ុក ហាក់បានត្រូវលើកតម្កើងឱ្យក្លាយជាម្ហូបមួយ ដែលមានលក្ខណៈថ្លៃថ្នូរជាងម្ហូបណាៗទាំងអស់ក្នុងសង្គមខ្មែរ ព្រោះគេមិនសូវឃើញមានលក់នៅតាមទីផ្សារសាធារណៈ ឬតូបលក់បាយតូចតាចនោះទេ គឺភាគច្រើនមានតែក្នុងអាហារដ្ឋាន ឬភោជនីយដ្ឋានធំៗ ដែលមានលក្ខណៈជាតិ និងអន្តរជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរ ពិសេសអ្នកទេសចរបរទេស។

គ្រឿងផ្សំ

- ត្រីរ៉ស់ ឬត្រីឆ្ដោរ ១គីឡូក្រាម
- ដូងទុំ ១
- ម្ទេសប្លោកក្រៀម ៥ផ្លែ
- ម្ទេសប្លោកទុំស្រស់ ៥ផ្លែ
- គល់ស្លឹកគ្រៃ ៥គល់
- រំដេង ល្មៀត ១ចំណិតប៉ុនមេដៃ
- ខ្ទឹមស ១០កំពឹស
- ម្សៅស៊ុប ១ភាគ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- សណ្ដែកដី ១០ក្រាម
- ស៊ុតទា ២គ្រាប់
- សម្បកក្រូចសើច ១ចំណិត
- ស្លឹកចេកណាំវ៉ាសម្រាប់ខ្ចប់ ៥ធាង
- ខ្ជាយ ១មើម
- ខ្ទឹមក្រហម ៥កំពឹស
- កាពិ ឬ[[ប្រហុក]សាច់ ២ក្រាម
- ស្ករត្នោត ១ស្លាបព្រាបាយ
- អំបិល ១ភាគ២ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ១០សន្លឹក
- ស្លឹកញ ឬស្លឹកកន្ទួត ១០ត្រួយ ឬច្រើនជាងនេះតាមចូលចិត្ត។

របៀបធ្វើ

- ត្រីរ៉ស់ ឬត្រីឆ្ដោរ យកស្រកាចេញឲ្យស្អាត កាត់កន្ទុយ ចៀរព្រុយពោះ និងខ្នងចេញ ហើយកោសលាងទឹកឲ្យស្អាត កាត់ក្បាលចេញទុកមួយអន្លើ។ ក្បាលពុះជាពីរឆ្កឹះយកស្បែកក្រអូមលើចេញ លាងឲ្យស្អាត។ បើធំពេក អាចកាត់ជាដុំតូចៗល្មម។ ខ្លួនត្រី សើយយកឆ្អឹងខ្នងចេញ ហាន់ជាបន្ទះស្ដើងល្មម។
- គល់ស្លឹកគ្រៃហាន់ស្ដើង ម្ទេសប្លោកក្រៀម ខ្ទឹមស ខ្ទឹមក្រហម រំដេង ខ្ជាយ ល្មៀត សម្បកក្រូចសើច អំបិល បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ ប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋ ឬកាពិដាក់បុកជាមួយគ្រឿង។ សណ្ដែកដីលីងបុកឲ្យល្អិត។
- ស្លឹកក្រូចសើច ហូតទ្រនុងចោល លាងទឹកឲ្យស្អាត ហាន់ជាសរសៃល្អិតៗ។
- ដូងទុំ កោសពូតយកខ្ទិះដើមទុកដោយឡែក និងទឹកខ្ទិះទី២ ទុកដោយឡែក។
- យកខ្ទិះដូងទី១ ពាក់កណ្ដាលបង់អំបិលបន្តិច(កុំឲ្យប្រៃ)។
- ដាក់សាច់ត្រី គ្រឿង សណ្ដែកដី កាពិ ឬប្រហុក ពងទា ទឹកខ្ទិះទីមួយដែលនៅសល់ ទឹកត្រី ស្ករ ម្សៅស៊ុប លាយច្របល់ចូលគ្នាកូរឲ្យសព្វ ចាក់ទឹកខ្ទិះទី២ចូល(ប្រយ័ត្នកុំឲ្យរាវពេក) បន្តកូរឲ្យទាល់តែឡើងខាប់ប្រហែល៣០នាទី ទុកមួយអន្លើសិន។
- ស្លឹកញ កាត់ទ្រនុងចេញ ឬស្លឹកកន្ទួតលាងទឹកឲ្យស្អាត ដាក់ទ្រាប់បាតកន្ទោងច្រើន ឬតិចតាមចំណូលចិត្ត។ ដួសត្រីដែលកូរគ្រឿង រួចដាក់ក្នុងកន្ទោង(ឲ្យស្មើសាច់ស្មើគ្រឿង) ដួសទឹកខ្ទិះដើមចាក់ពីលើបន្តិច រោយស្លឹកក្រូចសើចដាក់ចំហុយឲ្យឆ្អិន(១៥ ឬ២០នាទី តាមទំហំតូចឬធំ)។

របៀបធ្វើ កន្ទោង

- ស្លឹកចេកហែកកាត់រាងការេ(០,១៧ម៉ែត X ០,១៧ម៉ែត) ដាក់ត្រួតគ្នាពីរជាន់(ផ្កាប់មួយ ផ្ងារមួយ) ចាប់ចំពាក់កណ្ដាលនៃជ្រុងនីមួយៗ កួច ខ្ទាស់ លៃមើលឲ្យបាតកន្ទោងស្មើល្អ។
- ចៀរមាត់កន្ទោងឲ្យស្អាតតាមចំណូលចិត្ត៕

      នំគ្រក់ គឺ នំខ្មែរជំនាន់ដើម ដែលគេធ្វើអំពី បាយកកកិន លាយម្សៅអង្ករ ដាក់ខ្ទិះដូង ចាក់ក្នុងអំបែងដី ដែលមានរាងជារន្ធតូចៗ សម្រាប់ចាក់ ហើយយកដាក់ ផ្គួបផ្គុំគ្នា ដើម្បីអោយកើតជាប្រអប់ៗ សម្រាប់ឆាប់ឆី ដោយដៃ។ គេដាក់ឈ្មោះថា នំគ្រក់ នេះ ដើម្បីកុំអោយច្រឡំគ្នា ជាមួយនំអំបែងដទៃៗ ទៀត ដោយមូលហេតុ សាមញ្ញ ទីមួយ គឺ ពេលណា គេចាក់ម្សៅ ចូលក្នុងអំបែងក្តៅ ដែលមានលាប ខ្លាញ់រលោង នំនេះ បានអោយ សម្លេង សូរឈីវ ហើយក៏ពុះគ្រក់ៗ។

គ្រឿងផ្សំ

_ អង្ករខ្សាយ (ត្រាំ​ឱ្យ​រីក)
_ ខ្ទិះដូង
_ ស្លឹក​ខ្ទឹម
_ ស្លឹក​ខ្ទឹម
_ ខ្ទឹមស
_ ទឹក​ឆ្អិន
_ ក្រូចឆ្មារ
_ ម្សៅ​ស៊ុប
_ បាយកក
_ ពងមាន់
_ ប្រេងឆា ឬ​ដុំ​ខ្លាញ់ជ្រូក
_ ទឹកត្រី
_ ស្ករស
_ ម្ទេស
_ អំបិល

របៀប​ធ្វើ

_ កិន​ម្សៅខ្សាយ​ដែល​ត្រាំ​រួច​នោះ ជាមួយនឹង​បាយកក​មួយ​ដុំ (ជួយ​ឱ្យ​នំ​ទន់​ល្អ)។
_ រួច​លាយ​ជាមួយ​ខ្ទិះដូង (បើ​វា​គោក​អ្នក​អាច​ថែម​ទឹក​បន្តិច​បាន) តែ​គួរ​មើល​កុំឱ្យ​រាវ​ពេក។
_ បន្ទាប់មក​ថែម​អំបិល​បន្តិច ហើយ​ត្រូវដាក់​ពងមាន់​ចូល​ផង ដើម្បីឱ្យ​នំ​ឈ្ងុយ​ល្អ។
_ ចំណែក​ស្លឹក​ខ្ទឹម​វិញ​ត្រូវ​ហាន់​ឱ្យ​ខ្លី រួច​ដាក់ចូល​ទៅក្នុង​ម្សៅ​ជាការ​ស្រេច។

វិធី​ចម្អិន

_ យក​អំបែង​មក​ដា​ក់លើ​ភ្លើង​ឱ្យ​ក្តៅ​ល្អ រួច​លាប​ប្រេងឆា ឬ​ដុំ​ខ្លាញ់​នៅតាម​ប្រអប់នីមួយៗ រួច​សឹម​ចាក់​ម្សៅ​ចូល (គួរ​កូរ​ម្សៅ​សិន​មុនពេល​ដួស​ចាក់ ចៀសវាង​មានតែ​ទឹក ឯ​ម្សៅ​កក​នៅ​ខាងក្រោម) ។

វិធី​ធ្វើ​ទឹកជ្រលក់

_ បកសម្បកខ្ទឹមស​ចេញ ហើយ​បុក​ឱ្យ​ម៉ដ្ឋ ដាក់​ស្ករស អំបិល ម្សៅ​ស៊ុប ទឹកក្រូច​ឆ្មារ ទឹកត្រី និង​ទឹក​ឆ្អិន​ចូលគ្នា រួច​កូរ​ចូលគ្នា​ឱ្យ​សព្វ។ បន្ទាប់មក​ភ្លក្សមើល​តាម​ការចូល​ចិត្ត ប៉ុន្តែ​មិនត្រូវ​ឱ្យមាន​រសជាតិ​ប្រៃ​ពេក​នោះទេ ព្រោះ​ទឹកជ្រលក់​នំ​នេះ​គេ​ច្រើន​ធ្វើ​រាង​សាប​បន្តិច។ លុះ​ពេល​បរិភោគ​អ្នក​គ្រាន់តែ​បន្ថែម​ខ្ទិះដូង និង​ម្ទេស​ទៅក្នុង​ទឹកត្រី​ជាការ​ស្រេច។ ជា​ចុងក្រោយ​កុំ​ភ្លេច​ផ្ទាប់​ជាមួយបន្លែស្រស់ៗផង​ណា៎ នោះ​នឹង​ជួយ​ឱ្យ​កាន់តែ​ឆ្ងាញ់​មាត់​ថែមទៀត​មិន​ខាន៕

      នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មក គេហៅកាត់ៗថា នំបញ្ចុកមិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។

គ្រឿងផ្សំ

- ត្រីរ៉ស់ ( ធ្វើអោយស្អាត យកស្រកាចេញ )
- គ្រឿងបុកស​ម្រាប់ស្លរ ( ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត ) បុក​បញ្ចូល​គ្នា​អោយ​ម៉ត់ល្អ
- ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង )
- ទឹកត្រី ប៊ីចេង អំបិល ស្ករស
- ប្រហុក
- សណ្ដែកដី​លិង​បុក​អោយ​ល្អិត​
- បន្លែ​អន្លក់អន្លៃ​ខ្ចីៗ តាម​ចំណូលចិត្ត​
- នំបញ្ចុក​

វិធីធ្វើ

១ - ដាក់ដាំទឹកអោយពុះ រួច​ច្រុំ​ប្រហុក​អោយ​ម៉ត់​ក្នុង​ទឹក​ពុះ រួចយកត្រីទៅស្ងោរក្នុងទឹក​សម្លរ ក្រោយមកបង់​ទឹកត្រី អំបិល ស្ករស ប៊ីចេង រំងាស់ត្រីអោយឆ្អិនរួចស្រង់ចេញ ហើយបេះយកតែសាច់ត្រីចេញកុំអោយមានឆ្អឹង។
២ - យកត្រីដែលបេះរួច មកបុកជាមួយគ្រឿង ដាក់​ អំបិល ស្ករស ប៊ីចេង បន្តិចៗ​ដើម្បី​អោយ​មាន​ជាតិ​ក្នុង​សាច់ត្រី​ បុករួចទុកមួយអន្លើរ។
៣ - យកទឹកដែលស្ងោរជាមួយត្រីដែលនៅសល់នោះ មកដាក់ខ្ទិះចុងចូល រួចដាំអោយពុុះ បន្ទាប់មកដាក់ត្រីដែលយើងបុកជាមួយគ្រឿងចាក់ចូលក្រោយមក ដាក់ ខ្ទិះដូង ( ដើម ) ចូល រួចកូរអោយសព្វ ហើយទុកអោយពុះម្ដងទៀត ភ្លក់មើលអោយល្មម តាមចំណង់ចំណូលចិត្ត ទុកអោយពុះនិងឆ្អិនចូលជាតិគ្នាហើយ រួចដាក់សណ្ដែកដីលិងចូលរួចជាការស្រេច៕