អន្សមជ្រូក គឺជានំដែលប្រជាជនខ្មែរនិយមធ្វើតាំងពីបុរាណមកម្ល៉េះ។ តាមទំនៀមទម្លាប់ គេច្រើនធ្វើនំអន្សមជ្រូកនៅពេល បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា ... ។ សព្វថ្ងៃ នំនេះត្រូវគេធ្វើអាជីវកម្មនៅលើទីផ្សារ។

គ្រឿងផ្សំ

_ អង្ករដំណើប១គីឡូក្រាម
_ ដូងទុំមួយ
_ ខ្លាញ់ជ្រូក(ដុំ) ៣០០ក្រាម
_ សណ្ដែកបាយ ៣០០ក្រាម
_ អំបិល ១ស្លាបព្រាបាយ
_ ម្សៅស៊ុប ១ភាគ២ស្លាបព្រាកាផែ
_ ម្រេច ១ភាគ២ ស្លាបព្រាកាផែ
_ ស្ករស ១ស្លាបព្រាបាយ
_ ខ្ទឹមស ៤ ឬ៥កំពឹស
_ សណ្ដែកដី ១០០ក្រាម (អាចមិនដាក់ក៏បាន តាមចំណូលចិត្ត)
_ បង្គា ១០០ក្រាម (អាចមិនដាក់ក៏បាន តាមចំណូលចិត្ត)
_ សាច់ក្រក ២គូ (អាចមិនដាក់ក៏បាន តាមចំណូលចិត្ត)
_ ស្លឹកចេក ១០ធាង
_ ខ្សែចង (ខ្សែចេក ក្រចៅ ឬខ្សែនីឡុងក៏បាន)។

របៀបធ្វើ

_ អង្ករអុំ ឬរើសឲ្យស្អាត យកទៅលាងឲ្យស្អាតដាក់ត្រាំទឹកពីរ ឬបីម៉ោង។
_ សណ្ដែកបាយកិនឲ្យបែកជាពីរ អុំឲ្យស្អាតកម្ទេចកំទី ដាក់ត្រាំទឹកក្ដៅឧណ្ហៗ ឬទឹកត្រជាក់ចំនួន៣ ឬ៤ម៉ោង។
_ ស្រង់អង្ករដាក់សម្រស់ឲ្យអស់ទឹកល្អ។
_ ដូងទុំកោស (កុំឲ្យដោយលលាដ៏ខ្មៅ) ពូតយកក្បាលខ្ទិះយកទៅដាក់រម្ងាស់ឲ្យឡើងខាប់ ដាក់អង្ករចូល កូរ ឬយកសាច់ដូងដែលកោសហើយទៅច្របល់ លាយជាមួយអង្ករ អំបិល ស្ករ ម្សៅស៊ុបបន្តិច (ធ្វើតាមវិធីណាមួយក៏បាន)។
_ សណ្ដែកបាយលាងយកសម្បកចេញឲ្យអស់ ដាក់សម្រស់ទុកមួយអន្លើសិន។
_ ខ្លាញ់ជ្រូកលាងទឹកឲ្យស្អាត រួចហាន់ជាចង្វាមូលប៉ុនមេដៃប្រវែង១៥ ឬ១៨សង់ទីម៉ែត (តាមចំនូលចិត្ត)។
_ បុកម្រេច ខ្ទឹមសឲ្យម៉ដ្ឋ ទើបដាក់ខ្លាញ់ជ្រូក ម្រេច ខ្ទឹមស អំបិល ម្សៅស៊ុបប្រឡាក់ច្របល់ឲ្យសព្វ ទុកមួយអន្លើសិន។
_ សណ្ដែកដីត្រាំទឹកឲ្យរីកសម្បក លាងជម្រះឲ្យស្អាត។
_ សាច់ក្រក លាងទឹកហាន់បញ្ឆិតស្ដើងៗ។
_ បង្គា លាងទឹកឲ្យស្អាត។
ចំណាំ
_ ចំពោះសណ្ដែកដី សាច់ក្រក បង្គា បើអ្នកចង់ដាក់វា ត្រូវយកទៅច្របល់លាយក្នុងអង្ករឲ្យបានសព្វ។
_ ស្លឹកចេក ដាក់ហាលថ្ងៃឲ្យស្រពាប់បន្តិច ទើបយកមកហែកជាបន្ទះធំៗល្មមតាមចំណូលចិត្ត និងតាមទំហំនំដែលចង់បាន រួចជូតឲ្យស្អាត។
_ ខ្សែត្រូវច្រៀកតូចល្មមចង ហើយជ្រលក់ទឹកឲ្យទន់ (បើជាខ្សែចេក)។

របៀបវេចនំ

_ យកសំភារៈដែលបានផ្សំរួចមកដាក់ជិតខ្លួន។
_ ដាក់ស្លឹកចេក២ ឬ៣បន្ទះត្រួតលើគ្នា ហើយដួសអង្ករ ៣ឬ៤ស្លាបព្រាបាយដាក់ចំកណ្ដាលស្លឹក ហើយវាចឲ្យស្ដើង ឬក្រាស់តាមចំណូលចិត្ត។
_ ដួសសណ្ដែកបាយ៣ស្លាបព្រាបាយ ដាក់លើអង្ករវាចឲ្យបន្តិច ទើបដាក់ស្នូល(ខ្លាញ់ជ្រូក) ១ដុំពីលើសណ្ដែក។
_ លើកទ្រស្លឹកចេកឡើង ប្រមូលអង្ករក្ដោបឲ្យចូលគ្នា រុំឲ្យណែន យកខ្សែចងចំពាក់កណ្ដាលកុំឲ្យរបូត។
លើកបញ្ឈរហើយគោះផ្នែកខាងក្បាលនំឲ្យអង្ករធ្លាក់ចុះក្រោម (យកធាងចេក១កំណាត់បុកឲ្យណែន) ទើបបត់ស្លឹកចេក កាច់ក្បាលនំតាមបំនិនជា៣ជ្រុង ឬ៤ជ្រុងតាមចិត្តស្រឡាញ់។ រួចម្ខាង ទើបត្រឡប់នំបត់ក្បាលម្ខាងទៀតធ្វើដូចពីមុន ទុកមួយអន្លើ ធ្វើរបៀបនេះរហូតអស់អង្ករ សណ្ដែក និងស្នូល។

របៀបចង

គេត្រូវចងក្បាលនំទាំងសងខាងឲ្យតឹង បន្ទាប់មកគេចងជាកង់ៗ មានចន្លោះប្រវែងស្មើៗគ្នា កន្ទុយចំណងដែលនៅសល់ត្រូវចងក្រងបញ្ចូលគ្នាទើបស្អាតល្អ។ យកកម្ទេចស្លឹកចេកដែលនៅសល់ ទ្រាប់បាតឆ្នាំង រួចចាក់ទឹកប្រហែល១ភាគ៣នៃឆ្នាំង ដាក់ដាំឲ្យក្ដៅ ទើបដាក់នំតម្រៀបឲ្យអស់ យកកម្ទេចស្លឹកគ្របពីលើ រួចចាក់ទឹកថែមឲ្យលិចនំ រួចដុតភ្លើងឲ្យឆេះជាប់ល្អរហូត។ រយៈពេលស្ងោរ ពី៥ម៉ោងឡើងទៅ អាស្រ័យលើនំឆ្អិន សាច់អង្កររលាយសាច់មួយ៕

       ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជា​ព្រះមហេសី​របស់ព្រះឥសូរ។ ម៉្លោះហើយទើបយើង​តែងតែឃើញនំ​ប្រភេទនេះ​ក្នុងពិធីបុណ្យទាន អមជាមួយនឹង នំគម ដែលជានំ​ប្រពៃណី​ខ្មែរផងដែរ។

គ្រឿងផ្សំ

- ម្សៅដំណើប
- ដូងកោស
- ល្ងលីង
- សណ្តែកដីលីង
- ស្ករត្នោត អំបិល

របៀប​ធ្វើ

- យកម្សៅពីរវែក លាយទឹកក្តៅ និង អំបិលចុងស្លាបព្រា លុញច្របល់ រហូតដល់មួតសាច់ ទន់ស្អិត ដូចស្ករតាំងម៉ែ។
- យកដូងកោសទៅលីងអោយឈ្ងុយ ហើយដួសចេញ។
- យកសណ្តែកដី និង ល្ង ទៅលីងអោយឈ្ងុយ ហើយដួសចេញ។ អ្នកដែលមានសុខភាពប្រតិកម្ម ចំពោះសណ្តែកដី ឬ ល្ង អាចធ្វើស្នូល មិនបាច់ដាក់សណ្តែកដី ឬ ល្ងលីង ក៏បាន។
- យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយរំម្ងាស់ អោយចេញសរសៃ ជើងអង្ក្រង។
- ចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិលចុងស្លាបព្រា ដើម្បីរំងាប់ជាតិភ្លាវ។
- លុះដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។
- យកស្លឹកចេក កាត់ជាយអោយស្អាត លាបប្រេងលើស្លឹក ទើបគួចជាសាជី ហើយដួសម្សៅចាក់ពីលើ។
- ចូកស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ ដាក់ក្នុងឆ្នាំងចំហុយ។
- ដាក់ចំហុយ ប្រហែលកន្លះម៉ោង ទើបលើកចេញ ស្រង់យកមកទុកអោយត្រជាក់ ទើបបរិភោគមិនរលាកមាត់។

      នំច័ក្កច័នៈនំប្រភេទនេះច្រើនពណ៌ផ្សេងៗជាស្រទាប់ ខ្លះមានពណ៌ក្រហម លឿង បៃតង។ គេប្រើអង្ករខ្សាយ ម្សៅឆា ស្ករ អំបិល និងខ្ទិះដូង។ នំច័ក្កច័ន គេចម្អិនដោយចំហុយ។ ពលរដ្ឋខ្មែរភាគច្រើនស្គាល់នំប្រភេទនេះ ព្រោះសម្បូរមានលក់នៅលើទីផ្សារ។ «នំច័ក្កច័ន» ជាឈ្មោះនំស្រស់មួយយ៉ាងពួកនំកូរ មានស្រទាប់តម្រួតៗគ្នា ចម្រុះសម្បុរផ្សេងៗ។ គេតែងយកនំនេះធ្វើជាបង្អែមសម្រាប់ជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃភ្ជូំបិណ្ឌ ៕

គ្រឿងផ្សំ

- ខ្ទិះដូង 2 ចានចង្កើះ
- ស្ករស 1 ចានចង្កើះ
- ម្សៅឆា 1 ចាន​ចង្កើះ​
- ​ម្សៅ​ខ្សាយ​ កន្លះ​ចាន​ចង្កឹះ​
- អំបិល​ 1 ចុង​ស្លាបព្រា​កាហ្វេ​
- ប្រេងឆា
- ល័ក្ដពណ៌អាហារ ឬ (ស្លឹកតយ ផ្កា​អមតៈសម្រាប់​ធ្វើ​ពណ៌​ )​

វិធីធ្វើ

_ ចាក់ខ្ទិះដូងដាំទឹកអោយពុះ បន្ទាប់មកចាក់ស្ករសចូលគ្នា កូរឱ្យរលាយស្ករស បន្ទាប់មកដួសទុកអោយត្រជាក់ លាយ ម្សៅឆា ម្សៅខ្សាយចូលគ្នា
_ ចាក់ខ្ទិះដូងចូលទៅក្នុងម្សៅយឺតៗ ច្របាច់ខ្ទិះដូងនិងម្សៅអោយចូលគ្នា បន្ទាប់មកយកវាទៅត្រងអោយម្សៅម៉ដ្ឋល្អ
_ បំបែកម្សៅជា ២ ចាន ហើយដាក់ល័ក្ដពណ៌ចូលទៅក្នុងចានណាមួយក៏បានកូរអោយសប់ល្អ
_ យកប្រេងឆាទៅលាបលើពុម្ពដើម្បីកុំអោយម្សៅជាប់ពុម្ពនំ បន្ទាប់មកយកទៅដាក់ចំហុយ ហើយចាក់ម្សៅពណ៍ចំហុយមុនរៀងជិតឆ្អិន ក្រោមមកចាក់ម្សៅពណ៍សពីលើ
_ បន្តចាក់ម្សៅចូលពីលើគ្នារហូតដល់ពេញចំហុយឆ្អិនល្អ ហើយទុកអោយត្រជាក់កាត់រៀបដាក់ចានជាការស្រេច

      នំជាល ធ្វើពីម្សៅដំណើបលាយស្ករដាក់ក្នុងជាលតូចៗដែលទ្រាប់ស្លឹកចេកនៅបាតនិងនៅរង្វង់ជុំវិញថាសចម្អិនដោយចំហុយ។ នំនេះជាប្រភេទនំសាមញ្ញបំផុត គ្រាន់តែជានំម្សៅអង្ករដែលមានរសជាតិផ្អែមឡែមៗ។ មូលហេតុបានជាគេហៅវាថា នំជាល ព្រោះនំនេះអាចរក្សាទុកបានរយៈពេលយូររហូតរាប់ខែ ដោយទុកចោលក្នុងជាល។

គ្រឿងផ្សំ

_ ម្សៅអង្កដំណើប ពីកញ្ចប់=២គីឡូ
_ ស្ករត្នោត ១គីឡូ រឺដាក់តាមកាចូលចិត្តបាន
_ ទឹកស្អាត មួយលីត អំបិល ២ស្លាបព្រាកាហ្វេ ល្ងរ កន្លះចានចង្កឹស
_ ម្សៅខ្ទិះដូងមួយកញ្ចប់ ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត

របៀបធ្វើ

_លាយម្សៅ ជាមួយស្ករត្នោត ម្សៅខ្ទិះដូនង ចាក់ទឹកចូលច្របាច់កូវាអោយសព្វ លាយទឹកជាមួយម្សៅអោយរៀងខាប់ល្មម រួចហើយយកកញ្ចែងសម្រាប់ចម្រុះម្សៅ អោយម្សៅម៉ត់ល្អ រួចដាក់ល្ងរចូលកូអោយសព្វ រួចហើយអាចយកទៅចំហ៊ុយបានហើយ ដាក់ចានរី កន្ទោងស្លឹកចេក តាមដែលងាយស្រួល ចំហ៊ុយឆ្អឹនរយះពេល មួយម៉ោង ទៅមួយម៉ោងកន្លះ